ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
រដ្ឋមន្ត្រីកសិកម្ម ប្រាប់នាយកកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងរបស់អង្គការ USAID ពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មកម្ពុជា សម្រាប់៥ឆ្នាំខាងមុខ
Wed,23 October 2019 (Time 08:26 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 40នាក់)

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យលោកស្រី Veena Reddy នាយកបេសកកម្មនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀង នៃអង្គការ USAID និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍន ភាពនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀង និងសុំការណែនាំចង្អុលបង្ហាញបន្ថែមអំពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មកម្ពុជា សម្រាប់រយ:ពេល៥ឆ្នាំខាងមុខ ហើយឆ្លៀតឱកាសនេះ ធ្វើការណែនាំនាយកកម្មវិធីសុវត្ថិភាពស្បៀង និងបរិស្ថានដែលទើបអញ្ជើញមកថ្មី គឺលោក RICHARD Chen ផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីកសិកម្ម បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលអាមេរិក តាមរយៈអង្គការ USAID ដែលបានជួយឧបត្ថម្ភថវិកា សម្រាប់អនុវត្តកម្មវិធីខាងលើ និងថ្លែងអំណរគុណ ចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការអនុវត្តកម្មវិធីទទួលបាលលទ្ធផលគួរជាទីមោទនៈ ដែលសមិទ្ធផលនេះ បាន និងកំពុងផ្តល់ប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ចគ្រួសារកសិករនៅជនបទ កំណើនប្រាក់ចំណូល កំណើនផលិតផល តម្លៃបន្ថែម និងស្ថិរភាពទីផ្សារ។

ដោយឡែកសម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍ វិស័យកសិកម្មកម្ពុជាសម្រាប់០៥ឆ្នាំខាងមុខ លោករដ្ឋមន្រ្តីបានជូនអនុសាសន៍គន្លឹះសំខាន់០៨គឺ៖

ទី១៖ បណ្តុះបណ្តាលធនធានមនុស្ស គឺជាអាទិភាពរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល ទាំងបច្ចេកទេស បទពិសោធន៍ និងការអនុវត្តផ្ទាល់ ជាសំខាន់សម្រួល ឬតម្រង់ទិសឲ្យពួកគេចូលរួមបម្រើក្នុងវិស័យឯកជន ឬបង្កើតការងារដោយខ្លួនឯង ដោយនាំយកចំណេះជំនាញថ្មីៗ ទំនើបទាន់សម័យ សមស្របតាមបរិបទ នៃការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍។

ទី២៖ ការពង្រឹង និងពង្រីកការអនុវត្តអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតកម្ម និងលើវិស័យកែច្នៃ គឺជាដើមចមសំខាន់សម្រាប់ធ្វើការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយនេះ គឺជាគោលនយោបាយអាទិភាពរបស់ក្រសួង។

ទី៣៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ គឺជាសកម្មភាពចាំបាច់ និងបន្ទាប់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការបង្កើតប្រព័ន្ធខ្សែច្រវ៉ាក់ផលិតកម្មត្រជាក់ (cool chain) ក្នុងផលិតកម្ម បន្លែ សាច់សត្វ និងផលិតផលជលផល ដែលប្រទេសសមាជិកអាស៊ានមួយចំនួន កំពុងអនុវត្តយ៉ាងសកម្ម ហើយលោកបានស្នើឲ្យ USAID ពិនិត្យពិចាររណាលើចំណុចនេះឲ្យបានស៊ីជម្រៅ។

ទី៤៖ វិស័យស្រូវអង្គរ លោករដ្ឋមន្រ្តីបានស្នើឲ្យ USAID ពិនិត្យលើការពង្រឹងវិស័យឯកជន ក្នុងការចូលរួមការផលិតពូជ រោងសម្ងួត ឃ្លាំងស្តុក និងការធ្វើឲ្យប្រសើរនូវគុណភាពផលិត និងការវេចខ្ចប់។

ទី៥៖ ពង្រឹងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាភាពយុត្តធម៌រវាងអ្នកផលិត និងវិស័យឯកជន (អ្នកទិញ) បរិមាណផ្គត់ផ្គង់ គុណភាព តម្លៃ និងទីផ្សារ។

ទី៦៖ ពង្រឹងការអនុវត្តច្បាប់ ស្តីពីព្រៃឈើ ការគ្រប់គ្រងធនធានធម្មជាតិ និងព្រៃឈើប្រកបដោយចីរភាព ដោយត្រូវធ្វើការជាដៃគូជាមួយសហគមន៍ព្រៃឈើ និងស្ថាប័ន ជៀសវាងការចោទប្រកាន់ដាក់គ្នា។

លោករដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថា USAID នឹងទទួលអនុសាសន៍ខាងលើទៅពិនិត្យ វាយតម្លៃ និងសម្រេចធ្វើការឧបត្ថម្ភគាំទ្រ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

ឆ្លើយតបសំណើលោកស្រី Veena Reddy ថា USAID នឹងយកអនុសាសន៍ខាងលើទៅពិនិត្យពិចារណា ដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មកម្ពុជា សម្រាប់រយ:ពេល០៥ឆ្នាំខាងមុខ៕