ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ សេដ្ឋកិច្ចជាតិ ទំនាក់ទំនងចាងហ្វាងការផ្សាយលោក ប៉ាល់ សៅជាតិ លេខទំនាក់ទំនង 077 42 46 48
ស៊ីនវេចខ្ចប់ស្រាបៀរកម្ពុជា ឆ្លងកាត់ប្រព័ន្ធបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់
Thu,21 November 2019 (Time 04:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 30នាក់)

(ភ្នំពេញ)៖ សង្វាក់ផលិតកម្មវេចខ្ចប់ស្រាបៀរកម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដំណើរការដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យចុងក្រោយបង្អស់ក្នុងឧស្សាហកម្ម ដើម្បីធានាថាគ្រប់កំប៉ុងស្រាបៀរទាំងអស់ មានគុណភាព និងបរិមាណត្រឹម ត្រូវមុនបញ្ជូនចេញទៅលក់នៅលើទីផ្សារ។

រាល់ម៉ាស៊ីនទាំងអស់ក្នុងប្រព័ន្ធវេចខ្ចប់ស្រាបៀរ ត្រូវបាននាំចូល និងតម្លើងដោយក្រុមហ៊ុន Krones និង KHS នៃប្រទេស អាល្លឺម៉ងដែលជាក្រុមហ៊ុនធំ ទទួលស្គាល់ជាសកលក្នុងការផ្គត់ផ្គង់ម៉ាស៊ីនផលិតស្រាបៀរដ៏ល្បីល្បាញ។

គ្រប់ដំណាក់កាលនៃការវេចខ្ចប់ សុទ្ធតែដំណើរការដោយម៉ាស៊ីនស្វ័យប្រវត្តិ មានមុខងារនិង ផលិតភាពខុសៗគ្នា ដូចជាម៉ាស៊ីនច្រកស្រាបៀរចូលកំប៉ុង ម៉ាស៊ីនបិតគម្រប ម៉ាស៊ីនវាស់ចំណុះទឹកស្រាបៀរក្នុងកំប៉ុង ម៉ាស៊ីនកម្តៅ ម៉ាស៊ីនកំណត់កាលបរិច្ឆេទ(នៅលើកំប៉ុង និងសំបកកេស) ម៉ាស៊ីនចាប់កំប៉ុងដាក់ចូលក្នុងកេស និងម៉ាស៊ីនតម្រៀបកេសស្រាបៀរជាដើម។

បច្ចេកទេសវេចខ្ចប់របស់ម៉ាស៊ីននីមួយៗ មានសមត្ថភាពអាចកំណត់ប្រតិបត្តិការនៃសង្វាក់ផលិតកម្ម បានទៅតាមបទដ្ឋានកំណត់ត្រឹមត្រូវ។ តួយ៉ាង មុននឹងច្រកស្រាបៀរចូលកំប៉ុង ម៉ាស៊ីននឹងធ្វើការពិនិត្យលើសម្បកកំប៉ុងមិនឲ្យមាន ស្នាម(ឆ្គូត កំប៉ិត ឬ ផ្ទៃមាត់កំប៉ុងវៀច) រួចធ្វើការលាងសម្អាត គ្រប់សម្បកវេចខ្ចប់ ជាពិសេសនោះវាស់កម្រិតអុកស្មែន កាបូនិច(CO2) បានត្រឹមត្រូវតាមការកំណត់ ជាមុនសិន។

ក្រោយពីច្រកទឹកស្រាបៀរចូលកំប៉ុង ម៉ាស៊ីននឹងធ្វើការកិបគម្របកំប៉ុង រួចបញ្ជូនទៅកាន់ម៉ាស៊ីនពិនិត្យកម្រិតបរិមាណទឹកស្រាបៀរ។ ម៉ាស៊ីននឹងពិនិត្យលើគ្រប់កំប៉ុងស្រាបៀរ ហើយបើពិនិត្យឃើញថា កំប៉ុងណាមានចំណុះបរិមាណទឹកស្រាបៀរ មិនត្រឹមត្រូវ ម៉ាស៊ីននឹងរុញច្រានកំប៉ុងស្រាបៀរចេញ។

កំប៉ុងស្រាបៀរ ដែលច្រកបានត្រឹមត្រូវ នឹងត្រូវបានឆ្លងកាត់ម៉ាស៊ីនកម្តៅមួយដំណាក់កាលទៀត ដោយកំប៉ុងស្រាបៀរត្រូវបានយកទៅកម្ដៅនៅសីតុណ្ហភាពមិនខ្ពស់ជាង៦០អង្សាសេ ដើម្បីធ្វើឲ្យគុណភាពស្រាបៀរអាចរក្សាទុកបានយូរ និងកាន់តែមានសុវត្ថិភាពអនាម័យខ្ពស់។ កំប៉ុងស្រាបៀរ នឹងបន្តបញ្ជូនទៅច្រកដាក់ក្នុងកេសពេលម៉ាស៊ីនពិនិត្យឃើញថា មានកំណត់ត្រាកាលបរិច្ឆេទបានត្រឹមត្រូវ។

បន្ថែមពីនេះ ម៉ាស៊ីននឹងចាប់កំប៉ុងដាក់ចូលក្នុងកេស និងឆ្លងកាត់ដោយម៉ាស៊ីនត្រួតពិនិត្យលើចំនួនកំប៉ុងក្នុងកេសស្រាបៀរ រួចនឹងច្រានកេសស្រាបៀរណា ដែលមិនគ្រប់ចំនួនកំណត់ចោលដោយមិនអនុញ្ញាតឲ្យបញ្ជូនទៅកាន់ផ្នែកបន្តឡើយ។ ម៉ាស៊ីននឹងតម្រៀបកេសស្រាបៀរដោយស្វ័យប្រវត្តិ ដើម្បីត្រៀមចែកចាយទៅកាន់ទីផ្សារ៕